ព័ត៌មានថ្មីៗ
Home / ទំព័រដើម / ស្នងការ​ខេត្ត​ស្វាយរៀង​ កឹង ​ឃ​ន ត្រូវមន្ត្រីនគរបាលលើកគ្នាប្ដឹងលើកទី២ កើនឡើងជិត៤០នាក់ ពីមុន២០នាក់

ស្នងការ​ខេត្ត​ស្វាយរៀង​ កឹង ​ឃ​ន ត្រូវមន្ត្រីនគរបាលលើកគ្នាប្ដឹងលើកទី២ កើនឡើងជិត៤០នាក់ ពីមុន២០នាក់


លោកឧត្តមសេនីយ៏ទោ កឹង ឃន ស្នងការដ្ឋាននគរបាលខេត្តស្វាយរឿង ដែលត្រូវក្រុមនគរបាល​ជិត​៤០​នាក់ប្ដឹងអោយតំណែង

ការិយាល័យគ្រប់គ្រងនិងនិពន្ធ៖ទូរស័ព្ទលេខ 077 770 515

ស្វាយរៀង៖ក្រុមនគរបាល​ជិត​៤០​នាក់ ចំណុះស្នងការដ្ឋាននគរបាលខេត្តស្វាយរឿង បានរួម​គ្នា​ប្តឹង​លោក កឹង ឃ​ន ស្នងការ​ខេត្តស្វាយរៀង ដែលជាមេរបស់ខ្លួនទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ ហើយក្រុមនគរបាល​ទាំងនោះ ក៏បាន​ចុះ​ហត្ថលេខា​រួមគ្នា​លើ​សំណើ​មួយទៀត ដាក់ជូនទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ឲ្យ​ដកស្នងការរូបនេះចេញពី​តំណែង​ថែមទៀត។

នៅខែមុនស្នងការ​ខេត្តស្វាយរៀង ​លោក កឹង ឃ​ន ត្រូវនគរបាល​ក្រោម​ឱវាទ​ជាង ២០​រូប និង​ប្រជាពលរដ្ឋចោទ
​ថា រំលោភ​អំណាច ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ទទួល​សំណូក​ពី​ឈ្មួញ​ជនជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រករបៀង ៩​កន្លែង​ក្នុង​ខេត្ត​ស្វាយរៀង​ជាប់​ព្រំដែន​ខាងកើត​មួយ​នេះ​។ ដោយក្រុមអ្នកប្ដឹងបាន​អះអាង​ថា ស្នងការ​រូបនេះ​បាន​បញ្ជូន​សាច់ញាតិ​ឲ្យទៅ​គ្រប់គ្រង​ច្រករបៀង​គ្រប់​ច្រក ដើម្បី​ចាំ​ទទួល​លុយ​ពី​ឈ្មួញ​ជនបរទេស​នាំ​ទំនិញ​ខូច​គុណភាព​ចូល​ដោយ​សេរី គ្មាន​ការ​ត្រូតពិនិត្យ​ពី​មន្ត្រី​ជំនាញ​។​

​នៅ​ថ្ងៃទី​១៣ ខែ​មីនា​ឆ្នាំ​២០១៩​កន្លងទៅនេះ ​ពលរដ្ឋ និង​នគរបាល​ខេត្ត​ស្វាយរៀង បានអំពាវនាវ​ឲ្យ​ក្រសួងមហាផ្ទៃ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស៊ើបអង្កេត​ស្នងការ​ខេត្ត​ស្វាយរៀង លោក កឹង ឃ​ន ដែល​ពួកគេ​ចោទថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ច្រើន​ឆ្នាំ​មកហើយ ដោយ​ទទួល​សំណូក​តាម​ច្រករបៀង​ព្រំដែន​កម្ពុជា​-​វៀតណាម​។

អំពើពុករលួយ​ដែល​ស្នងការ​រូប​នេះ​រង​ការ​ចោទ​នោះ រួម​មាន​ការ​យក​លុយ​ពី​អ្នក​ដឹកទំនិញ ក្នុង​មួយ​រថយន្ត​ចាប់ពី ២៥​ម៉ឺន​រៀល ដល់ ៦០​ម៉ឺន​រៀល និង​មាន​ទំនិញ​ខ្លះទៀត​ចាប់ពី ១០០​ដុល្លារ ដល់ ១៥០​ដុល្លារ ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ចូល​មក​កម្ពុជា​។​

​នគរបាល​ម្នាក់​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ថា ស្នងការ​ខេត្ត​ស្វាយរៀង លោក កឹង ឃ​ន បាន​ប្រើ​អំណាច​គាបសង្កត់​មន្ត្រី​ស្លូតត្រង់ និង​បញ្ជូន​សាច់ញាតិ​ឲ្យទៅ​គ្រប់គ្រង​ប៉ុស្តិ៍​របៀង​គ្រប់​ច្រក ដើម្បី​យក​លុយ​ពី​ឈ្មួញ​នាំ​ទំនិញ​ចូល​កម្ពុជា គ្មាន​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​។ហើយទំនិញ​ដែល​ឈ្មួញ​ជនជាតិ​វៀតណាម​នាំចូល ដូចជា បន្លែ ផ្លែឈើ ត្រី​សាច់ និង​សាច់ជ្រូក​ជាដើម ​ត្រូវ​បង់​ប្រាក់​ឲ្យ​មន្ត្រីនគរបាល​តាម​ច្រករបៀង​ទាំងនោះ ពុំបាន​បង់ពន្ធ​ចូល​រដ្ឋ​នោះ​ទេ​។​ចំពោះច្រក​សំខាន់ៗ ដូចជា ច្រក​សំរោង​ក្នុង​ស្រុក​ចន្ទ្រា ក្នុង​មួយ​យប់ៗ ស្នងការ​រួប​នេះ​អាច​ប្រមូល​លុយ​បាន​មិន​ក្រោម ១​ម៉ឺន​ដុល្លារ​នោះទេ និង​ច្រក​បុស​មន​របស់​ស្រុក​រំដូល ក្នុង​មួយ​យប់​មិន​ក្រោម ១​ម៉ឺន​ដុល្លារ​ដែរ ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូលមក​កម្ពុជា​ដោយ​សេរី​។​

​លិខិត​ដែល​មាន​ហត្ថលេខា​របស់​មន្ត្រីនគរបាល​ខេត្ត​ស្វាយរៀង​ជាង ២០​រូប បញ្ជាក់ថា នគរបាល​ខេត្ត​នេះ​ភាគច្រើន អស់​ជំនឿ​លើ​ការដឹកនាំ​របស់​ស្នងការ​នគរបាល​លោក កឹង ឃ​ន ដែល​ពួកគេ​ចោទថា តែង​ប្រើ​អំណាច​ធ្វើ​បាប​មន្ត្រី​ស្មោះត្រង់ បក្សពួកនិយម និង​បញ្ជូន​កូនចៅ​សាច់ញាតិ​គ្រប់គ្រង​ច្រកព្រំដែន ឬ​ហៅ​ថា កន្លែង​ខ្លាញ់​គ្រប់​ទីកន្លែង​។ ពួកគេ​ស្នើសុំ​ថ្នាក់ដឹកនាំ មេត្តា​ចុះ​ស្រាវជ្រាវ​ជាក់ស្ដែង និង​ផ្លាស់ប្ដូរ​ស្នងការ​រូបនេះ​ចេញពី​តំណែង​។ ពួក​គេ​អះអាង​ថា ស្នងការ​រូបនេះ បាន​បញ្ជូន​ប្អូន​បង្កើតជា​មេ​វរៈ​ការពារ​ព្រំដែន ប្អូន​ធម៌ ជា​មេ​ប៉ុស្តិ៍​ព្រំដែន​ទួល​ស្ដី ក្នុង​ស្រុក​ចន្ទ្រា និង​ប្អូនបង្កើត​ម្នាក់ទៀត ជា​មេ​ប៉ុស្តិ៍​បុស​មន ក្នុង​ស្រុក​រំដួល និង​ក្មួយ​ប្រុស​បង្កើត​ម្នាក់ទៀត ជា​អធិការ​ស្រុក​រំដួល​។ លើសពី​នេះ​ស្នងការ​រូបនេះ​បាន​បើក​ប៉ុស្តិ៍​ភាស៊ី​មួយចំនួនទៀត តាម​ច្រកព្រំដែន​ក្រុង​បាវិត ដូចជា នៅ​ច្រក​កំពង់​ស្ពាន និង​ច្រក​កី​ម៉ែ បំណង​អនុញ្ញាត​ឲ្យ​ឈ្មួញ​បង់លុយ ជា​ថ្នូរ​នាំ​ទំនិញ​ចូល​កម្ពុជា​។​

​ពលរដ្ឋ​រស់នៅ​ជិត​ព្រំដែន​កម្ពុជា​វៀតណាម នៃ​ស្រុក​ចន្ទ្រា លោក ណិម សុខា ឲ្យដឹងថា ពួកគេ​តែង​ប្រទះឃើញ ពាណិជ្ជករ​ជនជាតិ​វៀតណាម​ដឹកទំនិញ ដូចជា ត្រី​សាច់ បន្លែ ផ្លែឈើ ជ្រូក និង ទំនិញ​ផ្សេងៗ ទៀត​ជាច្រើន មក​លក់​នៅ​កម្ពុជា ដោយ​អាជ្ញាធរ​ជំនាញ​មិនបាន​ពិនិត្យ​គុណភាព​ទំនិញ​ទាំងនោះ​ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ ព្រោះ​ការនាំ​ទំនិញ​ចូល​កម្ពុជា​ភាគច្រើន​ធ្វើ​ឡើង​នៅពេល​យប់​។ លោក​ថា បាតុភាព​នេះ​កើតឡើង​ជា​ច្រើន​ឆ្នាំ​មកហើយ មិនឃើញ​មាន​ស្ថាប័ន​ជាតិ​ណាមួយ ស៊ើបអង្កេត ដែល​ជា​ដើមចម បង្ក​ឲ្យ​ប៉ះពាល់​មុខរបរ សុខភាព និង​អាយុជីវិត​ពលរដ្ឋ​៖ «​នាំ​សាច់ជ្រូក ត្រី​ចិញ្ចឹម​ដែល​នាំ​ចូល​មក យើង​ចេញ​តែ​មាន​ការព្រួយបារម្ភ តែ​មិនដឹងថា​អាជ្ញាធរ និង​សមត្ថកិច្ច​គេ​គិត​យ៉ាងណាទេ​? ព្រោះ​គេ​ច្រើន​តែ​ចេញ​ចូល​នៅពេល​យប់ អំពាវនាវ​ឲ្យ ដែន​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​សូម​មាន​វិធានការ​ទប់ស្កាត់​បញ្ហា ទំនិញ​ដែល​ខូច​គុណភាព មាន​ជាតិគីមី​ច្រើន​មេត្តាជួយ ត្រួតពិនិត្យ​ផង ដើម្បី​សុខភាព​ពលរដ្ឋ​ទូទៅ​»​។​

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ប្រាប់កាសែតក្នុងស្រុកមួយនៅ​រសៀល​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៩ ថា លោក មិនទាន់​បានឃើញ​លិខិតផ្លូវការ​របស់​នគរ​បាល​ទាំង​នោះទេ​។ ប៉ុន្តែ លោក អះអាងថា លោក ក៏​បានឮ​និង​ឃើញ​ការចុះផ្សាយ​ព័ត៌មាន​នេះដែរ​។ លោក ខៀវ សុភ័គ និយាយថា «​រឿង​ហ្នឹង​ធ្លាប់​កើតមាន​ម្តង​ហើយ​»។

ពាក់​ពន្ធ័ការ​លើកឡើងខាង​លើ ភ្នំមាស ​មិន​អាច​ធ្វើ​ការសុំ​បកស្រាយ​ពី​លោក កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​បានទេ យើង​រងចាំ​បើ​ភាគី​ពាក់​ពន្ធ័ធ្វើការ​ស្នើសុំ​បកស្រាយ នៅ​រាល់​ម៉ោង​ធ្វើការ ៕

Check Also

ហួសចិត៖អ្នកកាសែត២នាក់ និងពលរដ្ឋ៥នាក់តុលាការសម្រេចចោទប្រកាន់ករណីប្រើហិង្សា និងញុះញង់លើដីសេដ្ឋីប្រាក់ពាន់លានដុល្លា ឧកញ៉ា ខូវ សម្បត្តិ ម្ចាស់ក្រុមហ៊ុនថៃប៊ុនរ៉ុង ទៅវិញ

ព្រះសីហនុ៖អ្នកកាសែត២នាក់ និងពលរដ្ឋ៥នាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ លោក កៀង សុន្ទរោ នៅវេលាថ្ងៃត្រង់ទី២២ ខែកក្កដា នេះ សម្រេចចោទប្រកាន់ករណីប្រើហិង្សា និងញុះញង់ លើដីឧកញ៉ា ខូវ សម្បត្តិ ម្ចាស់ក្រុមហ៊ុនថៃប៊ុនរ៉ុង …

Leave a Reply

Your email address will not be published. Required fields are marked *